ប្រវត្តិនៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣


#ប្រវត្តិនៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣
(ភ្នំពេញ)៖ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ជាសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលនាំទៅដល់ការបោះឆ្នោត នាខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ ដើម្បីបង្កើតសភាធម្មនុញ្ញមួយនៃប្រទេសកម្ពុជា។ តួនាទីជាសារវន្តនៃសភាធម្មនុញ្ញនេះ គឺតាក់តែងនិងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជា និងប្រែក្លាយខ្លួនទៅជាសភានីតិបញ្ញត្តិមួយ ដែលនឹងត្រូវបង្កើតរដ្ឋាភិបាលថ្មីមួយឡើង(១) ។ សភាធម្មនុញ្ញត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ក្រោមអធិបតីភាពរបស់សម្តេច នរោត្តម សីហនុ ព្រមទាំងមានវត្តមានលោក យ៉ាស៊ូស៊ី អាកាស៊ី តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រមុខអ៊ុនតាក់នៅកម្ពុជានិងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ។
ក្នុងព្រះរាជសង្កថាចំពោះសមាជិកទាំង ១២០ រូបនៃសភាធម្មនុញ្ញ ដែលទើបប្រសូតចេញពីការ បោះឆ្នោតជាទូទៅពីថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ នោះ សម្តេច នរោត្តម សីហនុ ក្នុងនាមជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា បានមានព្រះរាជបន្ទូលជាឱឡារិកបំផុតជូនភាគីទាំងឡាយណា ដែលជាអ្នកទទួលខុសត្រូវចំពោះមាតុភូមិ សូមឱ្យផ្តល់ជូនវិញចំពោះកម្ពុជានូវឯកភាពជាតិ ឯកភាពនយោបាយ ឯកភាពរដ្ឋបាល ពោលគឺភាគីទាំងនោះត្រូវបញ្ឈប់ជាបន្ទាន់នូវអប្បគមន៍ ការបែងចែកកម្ពុជា ហើយផ្តល់សងវិញចំពោះប្រជារាស្ត្រនូវសន្តិភាព ដែលគ្មាននរណាម្នាក់មានសិទ្ធិបំផ្លាញសន្តិភាពនោះឱ្យអសារបង់បានឡើយ(២) ។
ក្នុងឱកាសសម្ពោធសភាធម្មនុញ្ញនោះដែរ សមាជិកសភាធម្មនុញ្ញទាំង១២០រូប ដែលទើបតែប្រសូតចេញមកពីការបោះឆ្នោតពីថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ដែលបានចូលរួមប្រជុំលើកទី១ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ បានសម្រេចជាឯកច្ឆន្ទក្នុងនាមប្រជាពលរដ្ឋខ្មែរទាំងមូលដូចតទៅ (៣)៖
ទី១-ថ្វាយយុត្តិធម៌ចំពោះអង្គសម្តេចឪព្រះបិតាជាតិជាទីសក្ការៈ ក្នុងឱកាសជាមហោឡារិកនេះដោយទុកជាមោឃៈនូវរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលប្រព្រឹត្តឡើងដោយខុសច្បាប់រដ្ឋធម្ម-នុញ្ញ និងអំពីឆន្ទៈប្រជាពលរដ្ឋនាពេលនោះ ហើយដោយចាត់ទុកថា ព្រះអង្គជាប្រមុខរដ្ឋដដែលតាំងពីដើមឆ្នាំ១៩៧០ រហូតតទៅដោយគ្មានពេលអាក់ខានឡើយ។
ទី២-ថ្វាយអង្គសម្តេចឪព្រះបិតាជាតិជាទីសក្ការៈ នូវអំណាចពេញលេញ និងអំណាចទាំងអស់ ក្នុងព្រះរាជឋានៈជាប្រមុខរដ្ឋ ដើម្បីព្រះអង្គមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្រោចស្រង់ជាតិ ព្រមទាំងនាំ ជាតិយើងឱ្យស្គាល់នូវសេចក្តីចម្រុងចម្រើនឡើងវិញដូចសម័យសង្គមរាស្ត្រនិយម។
ក្នុងសម័យប្រជុំពេញអង្គលើកទី១ របស់ខ្លួន នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញបានបង្កើតគណៈកម្មាធិការអចិន្ត្រៃយ៍មួយ ដើម្បីរៀបរៀងរដ្ឋធម្មនុញ្ញ។ ភារកិច្ចដ៏ចម្បងរបស់ គណៈកម្មាធិការនេះ គឺការតាក់តែងនូវគម្រោងរដ្ឋធម្មនុញ្ញឱ្យបានរួចរាល់ក្នុងរយៈពេលបីខែ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស។ សមាសភាពនៃគណៈកម្មាធិការនេះមានដូចខាងក្រោម៖
- លោក សឺន សាន ឬអនុប្រធានសភាធម្មនុញ្ញ
(ក្នុងករណីលោក សឺន សាន អវត្តមាន) ជាប្រធាន
- លោក ចែម ស្ងួន ជាអនុប្រធាន
- លោក តាវ សេងហួរ ជាអ្នករាយការណ៍
- លោក កាន់ ម៉ន ជាសមាជិក
- លោក គាត ឈន់ ជាសមាជិក
- លោក ឈួរ លាងហួត ជាសមាជិក
- លោក ថោ ប៉េងលាត ជាសមាជិក
- លោក សម រង្ស៊ី ជាសមាជិក
- អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន ជាសមាជិក
- លោក សឺន សូបែរ្តិ៍ ជាសមាជិក
- លោក សោម ចាន់បុត្រ ជាសមាជិក
- លោក អ៊ុន នឹង ជាសមាជិក
- លោក ឡូយ ស៊ឹមឈាង ជាសមាជិក
- លោក ជាម យៀប ជាសមាជិកបម្រុង
- លោក ប៉ុល ហំម ជាសមាជិកបម្រុង
- លោក ពូ សុធីរៈ ជាសមាជិកបម្រុង
- លោក សរ សាអាត ជាសមាជិកបម្រុង
- លោក អ៊ឹង គៀត ជាសមាជិកបម្រុង
- លោក អ៊ុក រ៉ាប៊ុន ជាសមាជិកបម្រុង
- លោក អ៊ុង ផន ជាសមាជិកបម្រុង
- លោក ឯក សំអុល ជាសមាជិកបម្រុង
- លោក សាយ បូរី ជាអ្នកជំនាញការ
- លោក ចាន់ សុខ ជាអ្នកជំនាញការ
- លោក ឈន អៀម ជាអ្នកជំនាញការ
- លោក ហេង វង្សប៊ុនឆាត ជាអ្នកជំនាញការ
- លោក ខៀវ រ៉ាដា ជាអ្នកជំនាញការ
បន្ទាប់ពីត្រូវបានបង្កើតភ្លាម គណៈកម្មាធិការនេះមានភារកិច្ចមមាញឹកជាទីបំផុតក្នុងការតាក់តែងនូវគម្រោងរដ្ឋធម្មនុញ្ញថ្មីមួយឱ្យបានតាមកាលកំណត់ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស។ ប៉ុន្តែក្នុងការតាក់តែងរដ្ឋធម្មនុញ្ញនេះ គណៈកម្មាធិការត្រូវតាក់តែងដោយឈរលើមូលដ្ឋានគ្រឹះពីរជាសារវន្ត៖
(១)-យោងតាមអនុសាសន៍របស់សម្តេច នរោត្តម សីហនុ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៩៣។
(២)-យោងតាមស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៩៣ សម្តេច នរោត្តម សីហនុ បានផ្តល់អនុសាសន៍ចំនួន៦ចំណុចដល់សភាធម្មនុញ្ញ ដើម្បីទុកជាគោលការណ៍ក្នុងការតាក់តែងគម្រោងរដ្ឋធម្មនុញ្ញអនាគតរបស់ប្រទេសកម្ពុជា។ បណ្តាគោលការណ៍ទាំងនោះមានជាអាទិ៍ដូចតទៅ៖
(១)-ប្រទេសកម្ពុជាគឺមិនមែនរាជានិយម ឬសាធារណរដ្ឋនិយម។ តែគឺជារដ្ឋឯករាជ្យ អព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ មានអធិបតេយ្យភាពនៅក្នុងបូរណភាពទឹកដីរបស់ខ្លួននៅក្នុងព្រំដែនគោក និងព្រំដែនទឹក ដែលទទួលស្គាល់ជាអន្តរជាតិក្នុងចន្លោះឆ្នាំ១៩៦៣-១៩៦៩ (Le Cambodge n’est ni un “Royaume” ni une “République”. C’est un ETAT indépendant, neutre, non-aligné, souverain dans son intégrité territoirale, c’est-à-dire dans ses frontières terrestes et maratimes internationalement reconnue entre les années 1963 et 1969)។
(២)-ប្រទេសកម្ពុជា ជាប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យសេរី (តាមបែបលោកខាងលិច) អាស្រ័យរបបសភានិយម (មិនមែនប្រធានាធិបតីនិយមទេ) មានប្រព័ន្ធនយោបាយសេរីពហុបក្ស សារព័ត៌មានសេរីទាំងស្រុង (ដោយគ្មានការត្រួតពិនិត្យ) ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ និងឧស្សាហកម្មសេរីដូចលោកខាងលិច គោរពយ៉ាងដាច់ខាតនូវសិទ្ធិមនុស្ស ដែលកំណត់ដោយធម្មនុញ្ញសហប្រជាជាតិ ដោយសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញាផ្សេងៗទៀត ស្តីពីសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ទោសប្រហារជីវិត ត្រូវលុបបំបាត់ចោលជាដាច់ខាត។ ប្រទេសកម្ពុជា ថ្កោលទោសរាល់ទម្រង់នៃការប្រកាន់ពូជសាសន៍។
(៣)-ត្រូវមានការបែងចែកអំណាច (អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ) យ៉ាងតឹងរ៉ឹង។ អំណាចតុលាការត្រូវតែឯករាជ្យជាដាច់ខាតពីរដ្ឋាភិបាល និងគណបក្សនយោបាយ។
(៤)-ប្រទេសកម្ពុជាមិនចងសម្ព័ន្ធមិត្តយោធាជាមួយប្រទេសណាឡើយ ហើយក៏មិនអនុញ្ញាតឱ្យ មានមូលដ្ឋានយោធា មូលដ្ឋានអាវុធរបស់បរទេសលើទឹកដីរបស់ខ្លួនដែរ។ វិស័យការពារជាតិរបស់ប្រទេសកម្ពុជាគឺឯកភាពតែមួយ។ ប្រទេសកម្ពុជាប្រឆាំងជានិច្ចចំពោះការរក្សាទុក ការផលិត ការប្រើប្រាស់អាវុធ បរិមាណូ ឬអាវុធវេត្រាណូ។
(៥)-ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ឥស្លាមសាសនា និងសាសនាគ្រិស្តត្រូវបានទទួលស្គាល់ជាផ្លូវការ និងការការពារដោយរដ្ឋ។ សេរីភាពជំនឿសាសនាត្រូវមានជានិច្ចនៅកម្ពុជា។
(៦)-ប្រទេសកម្ពុជាចៀសវាងដាច់ខាតនូវការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ ហើយក៏មិនអនុញ្ញាតឱ្យប្រទេសដទៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនដែរ។ ប្រទេសកម្ពុជានឹងចងមិត្តភាពជាមួយបណ្តាប្រទេស និងប្រជាជនទាំងអស់លើពិភពលោក ដែលគោរពអធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព មិនចូលបក្សសម្ព័ន្ធ បូរណភាពដែនដីក្នុងព្រំដែនគោក និងព្រំដែនសមុទ្រនាឆ្នាំ១៩៦៩ របស់ខ្លួន។ ហាមឃាត់ជានិច្ចនូវការបញ្ជូនកងទ័ពចេញក្រៅប្រទេស។
ទន្ទឹមនឹងនោះដែរ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏បានកំណត់យ៉ាងច្បាស់លាស់ផងដែរ នូវបណ្តាគោលការណ៍មួយចំនួនសម្រាប់អនាគតរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសកម្ពុជា។ តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ គឺបានន័យថា ប្រទេសកម្ពុជាមិនត្រូវបានដាក់កំណត់ឱ្យត្រូវតែជ្រើសរើសយករបបនយោបាយសាធារណរដ្ឋនិយម ឬរាជានិយមនោះទេ ប្រការសំខាន់ក្របខ័ណ្ឌគតិយុត្តិនៃរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសកម្ពុជា ត្រូវតែទទួលយកនូវបណ្តាគោលការណ៍មួយចំនួនដូចមានចែងក្នុងឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។
បណ្តាគោលការណ៍ទាំងនោះគឺ (៤)៖
(១)-រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ប្រទេស។ គេអាចធ្វើការកែប្រែរដ្ឋធម្មនុញ្ញនេះបាន លុះត្រាតែមានរបៀបរបបចាត់តាំងមួយទាក់ទងដល់ការយល់ព្រមពីអង្គនីតិបញ្ញត្តិ ការធ្វើប្រជាមតិ ឬក៏ដោយវិធីទាំងនេះតែម្តង។
(២)-ប្រវត្តិសាស្ត្រថ្មីៗប្រកបដោយសោកនាដកម្មនៅកម្ពុជា ទាមទារឱ្យមានវិធានការពិសេស ដើម្បីធានាការពារសិទ្ធិមនុស្ស។ ហេតុដូច្នេះ រដ្ឋធម្មនុញ្ញត្រូវរួមមានសេចក្តីថ្លែងការណ៍មួយអំពីសិទ្ធិជាមូលដ្ឋាន នៅក្នុងនោះមានសិទ្ធិក្នុងការមានជីវិតរស់នៅ សេរីភាពបុគ្គល សន្តិសុខ សេរីភាពក្នុងការធ្វើដំណើរ សេរីភាពក្នុងជំនឿសាសនា រួមប្រជុំគ្នា និងបង្កើតសមាគម រួមមានគណបក្សនយោបាយ និងសហជីព ដំណើរការតុលាការត្រឹមត្រូវ និងភាពស្មើគ្នាចំពោះមុខច្បាប់ ការពារកុំឱ្យមានការដកហូតកម្មសិទ្ធិដោយវិធីផ្តាច់ការ ឬការដកហូតកម្មសិទ្ធិឯកជនដោយគ្មានការសងជំងឺចិត្តដ៏ត្រឹមត្រូវ និងសេរីភាពដោយគ្មានការប្រកាន់រើសអើង ពូជសាសន៍ ជនជាតិ ជំនឿសាសនា ឬភេទឡើយ។ រដ្ឋធម្មនុញ្ញត្រូវហាមឃាត់នូវការអនុវត្តច្បាប់ឧក្រិដ្ឋទៅលើឧក្រិដ្ឋកម្ម ដែលកើតឡើងក្នុងអតីតកាល។
សេចក្តីប្រកាសត្រូវសមស្របទៅនឹងប្រការទាំងឡាយនៃសេចក្តីប្រកាសជាសកលអំពីសិទ្ធិមនុស្ស ព្រមទាំងកិច្ចព្រមព្រៀងអន្តរជាតិដទៃទៀតដែលពាក់ព័ន្ធ។ បុគ្គលដែលត្រូវរំលោភបំពានមានសិទ្ធិប្តឹងទៅតុលាការ ដើម្បីកាត់សេចក្តី និងធ្វើឱ្យគេគោរពសិទ្ធិទាំងអស់នេះ។
(៣)-រដ្ឋធម្មនុញ្ញត្រូវប្រកាសអំពីលក្ខន្តិកៈប្រទេសកម្ពុជាជារដ្ឋអធិបតេយ្យ ឯករាជ្យ និងអព្យា-ក្រឹតមួយ និងអំពីឯកភាពរបស់ប្រជាជនកម្ពុជា។
(៤)-រដ្ឋធម្មនុញ្ញត្រូវប្រកាសថា កម្ពុជានឹងអនុវត្តប្រព័ន្ធប្រជាធិបតេយ្យសេរីដោយឈរលើមូល-ដ្ឋានពហុបក្ស។ រដ្ឋធម្មនុញ្ញត្រូវអនុញ្ញាតសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោតតាមរបៀបបោះឆ្នោតដោយសកល និងស្មើភាព។ រដ្ឋធម្មនុញ្ញត្រូវអនុញ្ញាតឱ្យមានការបោះឆ្នោតដោយសម្ងាត់ ដោយតម្រូវឱ្យទម្រង់បែបបទនៃការបោះឆ្នោតត្រូវផ្តល់ឱកាសគ្រប់គ្រាន់ និងសមរម្យ ដើម្បីរៀបចំ និងចូលរួមក្នុងដំណើរការបោះឆ្នោត។
(៥)-ត្រូវបង្កើតតុលាការឯករាជ្យ ដែលត្រូវមានអំណាចដាក់ឱ្យអនុវត្តនូវបណ្តាសិទ្ធិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
(៦)-រដ្ឋធម្មនុញ្ញត្រូវអនុម័តដោយសំឡេងភាគច្រើនពីរភាគបី នៃសមាជិករបស់សភាធម្មនុញ្ញ។
បន្ទាប់ពីធ្វើការងាររបស់ខ្លួនអស់រយៈពេលបីខែ សភាធម្មនុញ្ញក៏បានបញ្ចប់នូវការតាក់តែងគម្រោង រដ្ឋធម្មនុញ្ញអនាគតរបស់កម្ពុជា។ សេចក្តីព្រាងរដ្ឋធម្មនុញ្ញពីរផ្សេងគ្នាត្រូវបានដាក់ថ្វាយសម្តេច នរោត្តមសីហនុ ពិនិត្យសម្រេចមុននឹងត្រូវអនុម័
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញបានចាប់ផ្តើមពិភាក្សា និងឈានទៅអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយរបស់ប្រទេសកម្ពុជា ដើម្បីពាំនាំមកវិញនូវសន្តិភាព ស្ថេរភាព និងការបង្រួបបង្រួមជាតិ ដើម្បីអភិវឌ្ឍសង្គមជាតិឡើងវិញបន្ទាប់ពីត្រូវញាំញីដោយសង្គ្រាមជាងពីរទសវត្សរ៍។ នេះជាការធ្វើដំណើរនៅលើផ្លូវបត់មួយ ដែលអ្នករួមដំណើរសុទ្ធតែជាអតីតគូសត្រូវស្លាប់រស់លើទីលានសមរភូមិសង្គ្រាម និងលើសៃវៀននយោបាយ។
សមាជិកសភាធម្មនុញ្ញចំនួន១២០រូប ដែលប្រជារាស្ត្រប្រមាណ៩០ភាគរយ ស្មើនឹងជាងបួនលាននាក់ នៃអ្នកចុះឈ្មោះបោះឆ្នោត បានសម្រេចជ្រើសរើសឡើងតាមការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ បានបើកឆាកបង្ហាញជាផ្លូវការនូវសេចក្តីព្រៀងរដ្ឋធម្មនុញ្ញថ្មីមួយដែលមាន១៤ជំពូក និង១៤០មាត្រារបស់កម្ពុជា។ នេះជាសេចក្តីព្រៀងរដ្ឋធម្មនុញ្ញជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលប្រកបដោយលក្ខណៈប្រជាធិបតេយ្យសេរីនិយមពហុបក្ស របបសេដ្ឋកិច្ច ទីផ្សារសេរី ព្រមទាំងប្រកបដោយសិទ្ធិសេរីភាពសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូចដែលបានចែងទុកក្នុងសេចក្តីប្រកាសជាសាកលស្តីអំពីសិទ្ធិមនុស្ស ចែងទុកក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងចែងទុកក្នុងអនុសញ្ញាអន្តរជាតិផ្សេងៗ ស្តីពីសិទ្ធិបុរស ស្ត្រី និងកុមារ។
រដ្ឋធម្មនុញ្ញនេះ ត្រូវបានអនុម័តជាស្ថាពរនាទិវាចុងក្រោយនៃសម័យប្រជុំពេញអង្គលើកទី២ នៃ សភាធម្មនុញ្ញនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក សឺន សាន ប្រធានសភាធម្មនុញ្ញ លោក ជា ស៊ីម និងលោក អ៊ឹង គាត អនុប្រធានទី១ និងអនុប្រធានទី២។ អង្គប្រជុំបានចាប់ឆ្នោតជ្រើសតាំងគណៈកម្មការរៀបចំការបោះឆ្នោតចំនួនបីរូប ដើម្បីបោះឆ្នោតអនុម័តលើរដ្ឋធម្មនុញ្ញទាំងស្រុង។ ក្នុងការជ្រើសតាំងនោះ លោក អះម៉ាត់ យ៉ាស់យ៉ា (គណបក្សហ៊្វុនស៊ិនប៉ិច) លោក អ៊ឹម សិទ្ធី (គណបក្សប្រជាជនកម្ពុជា) និងលោក សឺន សូប៊ែរ្តិ៍ (គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា) ត្រូវបានជាប់ឆ្នោតជាគណៈកម្មការ។
ការបោះឆ្នោតអនុម័តរដ្ឋធម្មនុញ្ញនេះបានប្រព្រឹត្តទៅដោយសម្ងាត់ និងដោយសេរី។ ជាលទ្ធផល ក្នុងចំណោមសមាជិកសភាធម្មនុញ្ញទាំង ១២០រូប ក្នុងនោះបានបោះឆ្នោតយល់ព្រមគាំទ្រចំនួន ១១៣ សំឡេង មិនយល់ព្រមចំនួន ៥ សំឡេង និងអនុប្បវាទ ២ សំឡេង ហើយរដ្ឋធម្មនុញ្ញស្ថាពរនេះត្រូវបានគេដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
ក្នុងឱកាសនោះ លោក សឺន សាន ប្រធានសភាធម្មនុញ្ញបានមានប្រសាសន៍ថា ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏ឧត្តម​មួយសម្រាប់ប្រទេស​កម្ពុជានិងសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ព្រោះថា សភាធម្មនុញ្ញនៃកម្ពុជាក្រោយពីបាន​ទទួលអាណត្តិពីប្រជាពលរដ្ឋមក បានបោះឆ្នោតអនុម័ត​រដ្ឋធម្មនុញ្ញមួយ​របស់កម្ពុជាបន្ទាប់ពីត្រូវបានពិភាក្សាអស់រយៈពេលជាច្រើនថ្ងៃ។ អត្ថបទរដ្ឋ-ធម្មនុញ្ញដែលសភាធម្មនុញ្ញអនុម័តនេះ ទោះបីជាមិនទាន់ចាត់ទុក​ថាមានលក្ខណៈល្អឥត​ខ្ចោះក៏ដោយ ក៏រដ្ឋធម្មនុញ្ញនេះបានប្រសូតចេញពីឆន្ទៈរបស់ប្រជារាស្ត្រទូទាំងប្រទេសតាមរយៈតំណាង ដែលបានជាប់ឆ្នោតកាលពីខែឧសភា ឆ្នាំ១៩៩៣ កន្លងមកនេះ(៥) ។
នេះជាលើកទី២ហើយសម្រាប់កម្ពុជា ដែលរបបរាជានិយមទំនើប គឺរបបរាជានិយមអាស្រ័យធម្មនុញ្ញត្រូវបានអនុវត្តនៅកម្ពុជា។ ព្រះរាជាណាចក្រទី១របស់កម្ពុជាត្រូវបានបង្កើតឡើងតាមរយៈរដ្ឋធម្មនុញ្ញដំបូងរបស់កម្ពុជា គឺរដ្ឋធម្មនុញ្ញថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧ ដែលបានកើតពីសភាធម្មនុញ្ញមួយ ដែលប្រសូតចេញពីការបោះឆ្នោត ដូចសភាធម្មនុញ្ញឆ្នាំ១៩៩៣ដែរ។ របបរាជានិយមទំនើប គឺជារបបរាជានិយម ដែលព្រះមហាក្សត្រប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ “ព្រះមហាក្សត្រគ្រងរាជ្យ តែមិនកាន់អំណាច”។ ករណីបែបនេះ ត្រូវបានគេអនុវត្តប្រកបដោយជោគជ័យនៅបណ្តាប្រទេសមួយចំនួន ដូចជា ព្រះរាជាណាចក្រជប៉ុន និងចក្រភពអង់គ្លេសជាដើម។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅមុខព្រះបរមរាជវាំងរាជធានីភ្នំពេញនៃប្រទេសកម្ពុជាចាប់តាំងពីព្រឹកព្រលឹម កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៃកងខេមរភូមិន្ទមានឯកសណ្ឋានដូចកងខេមរភូមិន្ទសម័យសង្គមរាស្ត្រនិយម ប្រជារាស្ត្រប្រុសស្រីក្នុងរាជធានីភ្នំពេញប្រកបដោយសម្លៀកបំពាក់សមរម្យ ប្រមាណជាង ៣០,០០០ នាក់ (បីម៉ឺននាក់) បានអញ្ជើញជួបជុំគ្នា ដើម្បីប្រារព្វមីទ្ទីងជាប្រវត្តិ-សាស្ត្រដ៏ធំមួយ ដើម្បីអបអរសាទររដ្ឋធម្មនុញ្ញថ្មីដែលសម្តេច នរោត្តម សីហនុ បានឡាយព្រះហស្តលេខានាព្រឹកថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ នោះ។
សម្តេច នរោត្តម សីហនុ បានប្រកាសថា ៖ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា (១៩៩៣) នេះតទៅ យើងហ៊ានអះអាងថា កម្ពុជានឹងបានទទួលនូវរដ្ឋធម្មនុញ្ញមួយប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីភាពទូលំទូលាយដ៏ប្រពៃបំផុត ហើយមាតុភូមិកម្ពុជានឹងឈានចូលដោយមោទនភាពក្នុងចំណោមប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដជាងគេក្នុងលោក។
សម្តេចបានមានព្រះបន្ទូលទៀតថា៖ រដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា ដែលអ្នកតំណាងរាស្ត្រទាំង ១២០ រូប យកចិត្តទុកដាក់តាក់តែងនោះ ជាកម្រងវណ្ណកម្មនៃច្បាប់កំពូលរបស់កម្ពុជា ក្នុងនោះបានយកចិត្តទុកដាក់ដល់ប្រភពទាំងអស់នៃសិទ្ធិមនុស្ស គឺ សិទ្ធិបុរស សិទ្ធិស្ត្រី និងសិទ្ធិកុមារ ហើយក៏បានយកចិត្តទុកដាក់ដល់ទិដ្ឋភាពគ្រប់ផ្នែក និងគ្រប់វិស័យទាំងអស់របស់រដ្ឋ ដែលប្រកបទៅដោយលទ្ធិប្រជាធិបតេយ្យសេរីយ៉ាងពិតប្រាកដ ដើម្បីបម្រើពលរដ្ឋយ៉ាងត្រឹមត្រូវ និងកាតព្វកិច្ចទាំងឡាយចំពោះជាតិ និងអន្តរជាតិ ពោលគឺជាច្បាប់កំពូលមួយ ដែលលើកស្ទួយកម្ពុជា ឡើងជារដ្ឋមួយប្រកបដោយសន្តិភាព សេរីភាព និងវឌ្ឍនភាព ជារដ្ឋមិនចូលបក្សសម្ព័ន្ធ និងអព្យាក្រឹត។
នៅទីបញ្ចប់សម្តេចនរោត្តម សីហនុ បានមានព្រះបន្ទូលថា៖ «របបរាជាធិបតេយ្យអាចនឹងស្ថិតស្ថេរចីរកាល និងមានឧត្តមប្រយោជន៍ចំពោះមាតុភូមិទៅបាន លុះត្រាតែរបបរាជានិយមនោះ ចេះទទួលនូវការវិវឌ្ឍសមស្របនឹងមាតុភូមិ និងប្រជាជនកម្ពុជា។ ពោលគឺរបបរាជាធិបតេយ្យនោះត្រូវយកចិត្តយ៉ាងហ្មត់ចត់បំផុតចំពោះសំណូមពរ សេចក្តីប្រាថ្នា និងសេចក្តីត្រូវការរបស់ប្រទេសជាតិ និងប្រជារាស្ត្រទាំងមូល។ ហេតុដូច្នេះហើយ បានជានៅចុងសតវត្សរ៍ទី២០នេះ យើងទាំងអស់គ្នាត្រូវតែធ្វើឱ្យរបបរាជាធិបតេយ្យរបស់យើងត្រឡប់ទៅជា រាជាធិបតេយ្យអាស្រ័យធម្មនុញ្ញ ដោយមានព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិ តែមិនកាន់អំណាច ហើយព្រះអង្គគឺជាអ្នកធានារ៉ាប់រងទី១ ចំពោះចីរភាពនៃអំណាចរបស់ប្រជាជន»។
ចំណែកលោក សឺន សាន តាងនាមឱ្យអ្នកតំណាងរាស្ត្រទាំងអស់ បានមានប្រសាន៍ថា៖ «ចាប់ពីពេលនេះតទៅ យើងជាខ្មែរទាំងអស់គ្នាប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យធម្មនុញ្ញ មានលទ្ធិប្រជាធិបតេយ្យ មានសេរីភាព និងពហុបក្ស»។
ទន្ទឹមនឹងនោះដែរ លោក យ៉ាស៊ូស៊ី អាកាស៊ី ប្រមុខអ៊ុនតាក់បានថ្លែងថា៖ «អាណត្តិអ៊ុនតាក់នឹងត្រូវបញ្ចប់ដោយមានការអនុម័តរដ្ឋធម្មនុញ្ញថ្មី និងការបង្កើតរដ្ឋាភិបាល។ តំណាងអង្គការសហប្រជាជាតិតំណាងឱ្យសហគមន៍អន្តរជាតិមានមោទនភាពណាស់ដោយបញ្ចប់ការងាររបស់ខ្លួនដោយជោគជ័យ ដែលជាបេសកកម្មមួយដ៏មហាស្មុគស្មាញក្នុងចំណោមបេសកកម្មទាំងឡាយ។ ទន្ទឹមនឹងនោះដែរ សហគមន៍អន្តរជាតិទាំងមូលនឹងបន្តជួយឧបត្ថម្ភដ៏សប្បុរសជូនប្រទេសកម្ពុជាតទៅទៀត ក្នុងការស្តារឡើងវិញនៃប្រទេសរបស់ខ្លួន។ អង្គការសហប្រជាជាតិក៏នៅរក្សាទុកការិយាល័យមួយ ដើម្បីសហការជាមួយប្រទេសកម្ពុជាក្នុងការខិតខំប្រឹងប្រែងដ៏លំបាករបស់ខ្លួន ដើម្បីកសាងប្រទេស និងស្តារឡើងវិញនូវសិទ្ធិមនុស្ស និងបោសសម្អាតគ្រាប់មីនជាដើម»។
លោក យ៉ាស៊ូស៊ី អាកាស៊ី សម្តែងជំនឿថា សម្តេច នរោត្តម សីហនុ នឹងនៅតែជាអគ្គមគ្គុទេសន៍ចាំបាច់របស់ប្រទេសជាតិ និងជាអ្នកសម្របសម្រួលដ៏ឆ្នើម ហើយក៏ជាអ្នកផ្សះផ្សាមួយជាប្រយោជន៍ដល់ប្រទេសនេះ។ លោក យ៉ាស៊ូស៊ី អាកាស៊ី យល់ថា ប្រទេសកម្ពុជា ជានិទស្សន៍គួរឱ្យពិភពលោកចាប់អារម្មណ៍ ព្រោះថា បញ្ហាដ៏សែនលំបាកអាចដោះស្រាយបាន។ កម្ពុជានឹងត្រូវបានជាគំរូនិងជាឧទាហរណ៍យ៉ាងត្រចះត្រចង់ចំពោះបណ្តាប្រទេស ដែលជាសមាជិកអង្គការសហប្រជាជាតិផងទាំងពួង។
ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ សម្តេច នរោត្តម សីហនុ ក្នុងឋានៈជាប្រមុខរដ្ឋ បានតែងតាំងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។ សម្តេច នរោត្តម សីហនុ បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាព្រះមហាក្សត្រ និងសម្តេច ម៉ែ ជាព្រះមហាក្សត្រីយ៍។ សកម្មភាពនយោបាយនាថ្ងៃនោះ ជាការបញ្ចប់អត្ថិភាពរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់និងបញ្ចប់អាណត្តិរបស់អ៊ុនតាក់តាមបែបព្រឹត្តន័យ(6) ។ ក្នុងឱកាសនោះសម្តេច នរោត្តម សីហនុ បានប្រកាសសភាធម្មនុញ្ញទៅជារដ្ឋសភាជាតិ សមាជិកសភាធម្មនុញ្ញ បានប្រែក្លាយជាសមាជិករដ្ឋសភា «សភាតំណាងរាស្ត្រ» ដែលមានចំនួន ១២០ រូប ដដែល។