បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ រាជពិធីទា្វរទសមាស។ នៅក្នុងរាជ្យព្រះបាទអង្គឌួង ទ្រង់ដើម្បីលើកទឹកចិត្តដល់កងទ័ពដែលបានច្បាំងឈ្នះត្រឡប់មកវិញ ព្រះអង្គក៏បង្កើតបុណ្យភ្ជុំបិណ្ឌនេះឡើង អាស្រ័យនឹងប្រវត្តិរឿងក្នុងព្រះពុទ្ធសាសនា។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង «ភ្ជុំបិណ្ឌ»។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
ពាក្យថា «ភ្ជុំបិណ្ឌ» មកពីពាក្យ «ភ្ជុំ» រួមគ្នាជាមួយពាក្យ «បិណ្ឌ» ដែលមានន័យថា៖ ការប្រមូលឲ្យមូល ឬពូនឲ្យជាដុំ(មកពីភាសាបាលី) «ដុំបាយ» ដូច្នេះយើងអាចសម្គាល់ពាក្យនេះ តាមវិធីងាយបានថា គឺជា «ការប្រជុំ ឬប្រមូលផ្តុំដុំបាយ» (ការពូតដុំ បាយជាដុំៗដែលយើងហៅថា «បាយបិណ្ឌ») ។
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជាយើង បានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែទាស់ត្រង់ថា កាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។